លាហើយ! កាពីតូល ខែមេសា 20, 2011
Posted by បាត់ដំបង in រិះគន់, អារម្មណ៏ខ្ញុំ.trackback
វាសឹងតែដូចប្រកាសមុនៗចឹង ដែលកាពីតូលធ្វើអោយខ្ញុំខឹងម្តងៗ។ ប៉ុន្តែលើកនេះប្រហែលជាទប់លែងបានហើយនឹងក្រុមហ៊ុនមួយនេះ។ ដោយសារតែក្រុមហ៊ុន កាពីតូល មានជើងចេញពីភ្នំពេញទៅបាត់ដំបង សឹងតែរាល់ម៉ោង ពីព្រឹកដល់ល្ងាចនេះហើយទើបខ្ញុំសំរេចចិត្តថាជិះវានោះ។ តែអ្វីៗដែលទទួលបាននោះ កាពីតូលមិនដែលអោយខ្ញុំសប្បាយចិត្តសោះ។ ថាសំបុត្រថ្លៃ ក៏ ថ្លៃចុះ (ព្រោះដឹងស្រាប់ហើយតែចូលឆ្នាំ គាត់ឡើងហើយ) តែលោកអើយអ្នកលក់សំបុត្រដូចមុនចឹង សួរមិនចង់ស្តី ។ បើសួរច្រើន លក់អោយអ្នកផ្សេងភ្លាម។ ទំរាំតែទិញបាន ត្រូវប្រជ្រៀតគ្នាសឹង១ម៉ោង ព្រោះតែអ្នកលក់មានតែ ម្នាក់។ ឈប់និយាយពីនេះសិនទៅចុះ ។ និយាយពីតៃកុងឡានវិញ! លោកអើយ ពេលខ្ញុំមកភ្នំពេញវិញ ខ្ញុំថាខ្ញុំបែបមិនបានជាន់ដីអំពេញវិញដឹង? ហេតុអី? ស្តាប់ខ្ញុំរៀបរាប់សិន។ ខ្ញុំបានទិញសំបុត្រឡាន ម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ១៨ ជើងទី ១ តំលៃ ៣៥០០០រៀល លើសមុន៥០០០រៀលទៀត។ គ្រានតែអង្គុយភ្លាម តៃកុងឡានមួយនោះ បើកចំរៀងលឺៗ ហើយខ្លាំងៗទៀត ខ្ញុំក៏ប្រាប់ទៅអ្នកហែកសំបុត្រថា ជួយប្រាប់តៃកុងឡានផង កុំបើកចំរៀងលឺពេក។ ស្រាប់តែគាត់ប្រាប់វិញថា តៃកុងថ្ងៃនេះ អត់សូវស្រួល គាត់អត់ស្តាប់ទេ។ អុញ?!?! មិចចឹង? ថាហើយរួចគាត់ក៏ទៅបាត់ទៅ។ ស៊ីផ្លេញាប់រន្ថើន ហាក់បីដូចជាទារព្រលឹងចឹង គឺឡានចេញដំនើរហើយ។ ម៉ែអើយជួយកូនផង គ្រាន់តែចេញមិនទាន់ផុតក្រុងផង លេងគាត់ជាន់ ល្បឿន ៧០គីឡូម៉ែត្រក្នុង១ម៉ោងបាត់ទៅហើយ? លុះបានចេញផុតពីក្រុងទៅ គាត់ជាន់ ល្បឿន ១០០ ទៅ ១២០គីឡូម៉ែត្រក្នុង ១ម៉ោង ដែល ១០០នោះ គឹសំរាប់ផ្លូវកោង ១២០ សំរាប់ផ្លូវត្រង់ (បើកGPS មើល ព្រោះខ្ញុំចូលចិត្តមើលGPS ពេលធ្វើដំនើរ)។ ពេលដល់ផ្លូវកោងម្តងៗ ម្នាក់ទប់ខ្លួនខ្លាចធ្លាក់ពីកៅអី ហើយមើលមុខគ្នាទៅវិញទៅមក។ រួចក៏ប្រាប់តៃកុងថាបើកតិចៗទៅ ពួកយើងមិនប្រញាប់ទេ។ គាត់មិនបាន ស្តាប់យើងទេ គឺ នៅតែជាន់ចឹង។ បានប្រហែល ១ម៉ោង ២០នាទីទៅ ឡានទៅដល់ពោធិសាត់បាត់!!!(ជាទូទៅ បាត់ដំបងទៅពោធិសាត់ចំណាយ ១ម៉ោង ៤០នាទី ទៅ ២ម៉ោង) ខ្ញុំជិះបណ្តើរភ័យបណ្តើរ ខា្លចគ្រោះថ្នាក់។ មិនយូរប៉ុន្មាន អ្នកជិះក្បែរខ្ញុំ ក៏ទាញទូរស័ព្ទខលទៅ ក្រុមហ៊ុនដើម្បីរិះគន់ពីបញ្ហានេះ។ ចុចដល់ទៅ ៥ ដង គ្មានអ្នកលើកសោះ។ គាត់ក៏ឈប់ចុចវិញ ហើយ គាត់ក៏ប្តូរឡានជិះនៅពោធិសាត់វិញ ។ គាត់ថាស្រួលមិនស្រួលបុកគ្នាមិនដឹង ព្រោះគាត់នៅមានការងារធ្វើច្រើនទៀត។ គាត់បានបបួលខ្ញុំដែរ តែខ្ញុំគិតថាប្រហែលមិនអីទេមើលទៅ។ ស្រាប់តែចេញពីពោធិសាត់ទៀត គាត់ជាន់ល្បឿនត្រឹមតែ ៩០ និង ១០០ទេ (ប្រហែលស៊ាំនឹងល្បឿនគាត់ដឹង?) តែអ្វីដែលគួរអោយខឹងនៅ គឺ គាត់ចាក់ចំរៀងលឺៗ ទៀត ដល់ថ្នាក់ម្នាក់ៗ ស្រែកប្រាប់តៃកុង ថាអោយបន្ថយសំលេង រីឯខ្លះទៀត សំឡុតតៃកុងតែម្តង ថាអោយឈប់ចាក់ចំរៀងទៅ ថ្លង់ណាស់ ព្រោះពួកគាត់ត្រូវការដេក។ មានស្តាប់ឯណាលោកគាត់នៅតែចាក់ចឹង។ ងាប់ហើយ រៀបរាប់ទៅ នៅតែក្តៅចឹង ។ លើកនេះឈប់ហើយ ឈប់ហើយ រាងហើយ កាពីតូល សុខចិត្តជិះឡានផ្សេងវិញ។ ព្រោះធ្វើអោយឆ្អែតចិត្តហើយ។ សូមក្រុមហ៊ុនកាពីតូលមេត្តាជ្រាបផង ឬ ក៏ដឹងហើយនៅធ្វើមិនដឹង(ពិបាកដាស់មនុស្សធ្វើដេកលក់ណាស់) ជាពិសេសតៃកុងឡានសូមចេះស្តាប់ភ្ញៀវផង ៕





សើចឌឺទៀត
ល្បងភ័ក្រអន់ចិត្តយន្តហោះ ល្បងបាត់ដំបងអន់ចិត្តឡានក្រុង!
បើមានគ្នាច្រើនមិចមិននាំគ្នាសែងតៃកុនឡាននឹងបោះចេញពីទ្វាមើល វាយ៉ាងមិច?
ហាសហា ចាំលើកក្រោយមើលចឹង ។តែលើកនេះលើកចុងក្រោយហើយហ្នឹង
មុនចូលឆ្នាំខ្ញុំត្រឡប់ពីបាត់ដំបង-១១មេសា ឡានកាពីតូលបុកឡានឆ្នាំងអ៊ុត dewood ស្លាប់បីនាក់ ដាក់ខ្មោលើចិញ្ចើមផ្លូវមើលទៅគួអោយអាសូណាស់។
មិនដែលជិះឡានក្រុងទេ!
ចង់សាកដល់ហើយ ហេហេហេ
សំណាងហើយដែលបានមកដល់ដីភ្នំពេញបានសម្រេច! ល្បីមកយូរហើយកាពីតូល និង មេគង្គអ៊ិចប្រេសនោះ!
បុរិន្ទ៖ ខ្លាចណាស់ លឺចឹងៗ
រចនា៖ យីយូរណាស់ហើយ មិនសាកទៅ
ក្មេងស្រែ៖ ហ្នឹងល្បីត្រង់ជិះលឿន និង បុកគេ
ហ្នឹង.. ចាំសុំឪជិះឱ្យបានម្ដងនឹងគេសិន!
ញ៉ុមឈប់ជិះកាពីតូលយូរហើយ យកតែឡានកាចាស់ៗម៉ោប្រើ…
ហ្នឹងហើយ ចាស់ស្រុកគេ ថ្មីស្រុកយើង
ញុមអត់ដែលជិះសោះអាឡានហ្នឹង ធ្លាប់ជិះតែមេគង្គ និងផារ៉ាម៉ោន!
លើកក្រោយចង់ជិះផារ៉ាមោនម្តងមើល? តែមិនដឹងមានម៉ោងម៉ាណខ្លះ
តាំងពីខ្ញុំជិះឡានក្រុង ១៥ឆ្នាំមក ខ្ញុំមិនដែលជិះក្រុមហ៊ុននេះទេ។ សេវាកម្មអ្នកលក់សំបុត្រ និងការបែងចែកកៅអី ធ្វើឲខ្ញុំទារដូរសំបុត្រវិញអស់ ៣ លើក។ ខ្ញុំលែងនឹក ឃើញឈ្មោះក្រុមហ៊ុននេះទៀត ពេលខ្ញុំចង់ជិះឡានក្រុង។ បុគ្គលិកមិនញញឹម មិនយកមតិភ្ញៀវទៅជំរាបក្រុមហ៊ុន ការបែងចែកកៅអីទោះទំនេរក៏អ្នកនៅតំបន់ខ្លះជិះក្រោយដែរ វាហាក់ដូចជាអ្នកអូរឬស្សីជារាស្រ្ត ឯអ្នកជិតកម្ពុជាក្រោមអនុរាស្រ្ត…
កាពីតូល មេគង្គអ៊ិចប្រេស និង សូរីយ៉ា សុទ្ធតែបើកឡានទារប៉ាលឹង។ ជាពិសេសកាពីតូល និងសូរីយ៉ាតែងតែល្បីថាមានគ្រោះថ្នាក់ណាស់។ ល្បងបាត់ដំបងលើកក្រោយយកសៀវភៅធម៌តាមផងក្រែងលោជួយបានខ្លះ
តែខ្ញុំជិះអាមេគង្គ ស្ងប់ចិត្តណាស់ មិនដែលជួបបញ្ហានិងព្រួយបារម្មផង! មាននំស៊ី មានទឹកផឹក (ហ្វ្រី) មានបង្គន់ជុះ មានហ្កាយចាំប្រាប់ផ្លូវទៀត។ ដូចជាមិនមានបញ្ហាទេ! ហើយល្បឿនក៏កំណត់ល្មមដែរ ភ្នំពេញ-សៀមរាប 6ម៉ោង ពេញៗ មិនខ្វះទេ!
ហ្នឹងហើយមើលទៅ ខុសគ្នាដាច់ បាត់ដំបង- ភ្នំពេញកាលហ្នឹងចំនាយតែ ៤ម៉ោង ៥០នាទីទេ
កាលណាបានគេទិញឡានក្រុម គាស់ពីកេស មករត់នៅស្រុកខ្មែរ
ហាហាហា ដូចអានរឿងកំប្លែងអញ្ចឹង!
ខ្មែរយើងមានគ្រប់ទីកន្លែង។