jump to navigation

ទីកន្លែងដែលគួរទៅនៅបាត់ដំបង ខែ​មេសា 9, 2011

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត, ព័ត៌មាន, សង្គម.
trackback

ពិធីបុណ្យចូលឆ្នាំប្រពៃណី​ជន​ជាតិ​ខ្មែរយើង​ បានខិតមកជិតដល់ហើយ ម៉្លោះហើយបាត់ដំបង សូមណែនាំទីកន្លែងដែលត្រូវទៅកំសាន្ត នៅខេត្តបាត់ដំបង ដល់អ្នកដែលចង់រកកន្លែងកំសាន្តប្លែកៗជូនក្រែងលោហ៏បាន កុំមុយស្យុង 😀 ។ បើចឹងកុំនិយាយច្រើន តោះស្តាប់ខ្ញុំរៀបរាប់ជូន៖

1.       ប្រាសាទវត្តឯក ឬ ឯកភ្នំ

ប្រសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ក្រុងបាត់ដំបង។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​ គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

2.       ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីក្រុងបាត់ដំបង ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

3.       ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីក្រុងបាត់ដំបង។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​ សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅខេត្ត​ប៉ៃលិន។

4.       ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីក្រុងបាត់ដំបង។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

5.       អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង ​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​ នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីក្រុងបាត់ដំបង និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​ កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱយ​វិស័យ​ ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់ ​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ ត្រី។

6.       រ​ម​ណីយ​ដ្ឋាន​សេក​សក

សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពីក្រុងបាត់ដំបង ​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។

7.       រមណីយដ្ឋានពពុះពេជ្រចិន្តា

ពិចចិន្តា ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ក្រុងបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ែ​លិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

8.       រមណីយដ្ឋានស្ទឹងចំ​លងគួយ

រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

9.       រមណីយ​ដ្ឋាន​បន្ទាយ​សត្វ

បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ក្រុងបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។

10.    ផ្សារទំនើបបុរីថ្មី

ប្រសិនបើលោកអ្នកសល់ពេលខ្លះៗ សូមកុំភ្លេចទៅទស្សនា និង ទិញឥវ៉ាន់ នៅឯផ្សារទំនើបបុរីថ្មី ដែលទើបនឹងបើកថ្មីផងដែរ។ ផ្សារនេះ ស្ថិតចំងាយ២គីឡួម៉ែត្រពីទីរួមក្រុងបាត់ដំបង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហួសពីហ្នឹង អ្នកអាចដើរកំសាន្តតាមដងស្ទឹងសង្កែបាន និង លំហែកាយនៅ សួនឯកឧត្តមស ខេង បានទៀតផង។

 

លើសពីនេះនៅមានរមណីដ្ឋានប្រហែលជា ៤ ទៅ ៥កន្លែងទៀតដែលខ្ញុំពុំបានរៀបរាប់អស់។ ពេលមកដល់កុំភ្លេចហៅខ្ញុំទៅលេងដែរផងណា?????!!!!!!!

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: