jump to navigation

ចូលឆ្នាំប្រពៃណីខ្មែរ តើអ្នកចង់ទៅកំសាន្តនៅខេត្ត ក្រុងណាជាងគេ? ខែ​មេសា 9, 2011

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត, ពីនេះពីនោះ, ស្ទាបស្ទង់.
add a comment
Advertisements

ទីកន្លែងដែលគួរទៅនៅបាត់ដំបង ខែ​មេសា 9, 2011

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត, ព័ត៌មាន, សង្គម.
add a comment

ពិធីបុណ្យចូលឆ្នាំប្រពៃណី​ជន​ជាតិ​ខ្មែរយើង​ បានខិតមកជិតដល់ហើយ ម៉្លោះហើយបាត់ដំបង សូមណែនាំទីកន្លែងដែលត្រូវទៅកំសាន្ត នៅខេត្តបាត់ដំបង ដល់អ្នកដែលចង់រកកន្លែងកំសាន្តប្លែកៗជូនក្រែងលោហ៏បាន កុំមុយស្យុង 😀 ។ បើចឹងកុំនិយាយច្រើន តោះស្តាប់ខ្ញុំរៀបរាប់ជូន៖

1.       ប្រាសាទវត្តឯក ឬ ឯកភ្នំ

ប្រសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ក្រុងបាត់ដំបង។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​ គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

2.       ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីក្រុងបាត់ដំបង ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

3.       ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីក្រុងបាត់ដំបង។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​ សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅខេត្ត​ប៉ៃលិន។

4.       ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីក្រុងបាត់ដំបង។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

5.       អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង ​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​ នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីក្រុងបាត់ដំបង និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​ កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱយ​វិស័យ​ ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់ ​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ ត្រី។

6.       រ​ម​ណីយ​ដ្ឋាន​សេក​សក

សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពីក្រុងបាត់ដំបង ​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។

7.       រមណីយដ្ឋានពពុះពេជ្រចិន្តា

ពិចចិន្តា ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ក្រុងបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ែ​លិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

8.       រមណីយដ្ឋានស្ទឹងចំ​លងគួយ

រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

9.       រមណីយ​ដ្ឋាន​បន្ទាយ​សត្វ

បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ក្រុងបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។

10.    ផ្សារទំនើបបុរីថ្មី

ប្រសិនបើលោកអ្នកសល់ពេលខ្លះៗ សូមកុំភ្លេចទៅទស្សនា និង ទិញឥវ៉ាន់ នៅឯផ្សារទំនើបបុរីថ្មី ដែលទើបនឹងបើកថ្មីផងដែរ។ ផ្សារនេះ ស្ថិតចំងាយ២គីឡួម៉ែត្រពីទីរួមក្រុងបាត់ដំបង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហួសពីហ្នឹង អ្នកអាចដើរកំសាន្តតាមដងស្ទឹងសង្កែបាន និង លំហែកាយនៅ សួនឯកឧត្តមស ខេង បានទៀតផង។

 

លើសពីនេះនៅមានរមណីដ្ឋានប្រហែលជា ៤ ទៅ ៥កន្លែងទៀតដែលខ្ញុំពុំបានរៀបរាប់អស់។ ពេលមកដល់កុំភ្លេចហៅខ្ញុំទៅលេងដែរផងណា?????!!!!!!!

មកដល់បាត់ដំបងក្រុង ខែវិច្ឆិកា 8, 2010

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត, ពីនេះពីនោះ, អារម្មណ៏ខ្ញុំ.
7 comments

មកដល់បាត់ដំបងទៀតហើយ បងប្អូន!!!! និយាយពីអាកាសធាតុពេលចេញពីអំពេញយើងវិញ គឺត្រជាក់ល្មម។ ដល់កំពង់ឆ្នាំង រងារបន្តិច ស្រាប់តែមកដល់ ពោធិសាត់ ចង់ញាក់។ គ្រាន់តែឈានជើងចូលទឹកដីស្វាយដូនកែវ ព្រំប្រទល់ បាត់ដំបង​និង ពោធិសាត់វិញ ស្រាប់តែក្តៅចង់ខ្លោច។ចឹងទៅឥលូវចង់ឈឺហើយ។ និយាយពីរឿងព្រឹកមិញ ថាងើបចេញពីអំពេញម៉ោង ៥កន្លះ តែមានឯណា ម៉ោងរោទិ៏ហើយ បិទវិញថាដេកបន្តិចទេ។ អាបន្តិចហ្នឹងហើយ មើលម៉ោងម្តងទៀត ជិត៧។ ស្ទុះវឹងទាញកាបូបរៀបចំខោអាវ ឡេបថប និងសំភារះផ្សេងទៀត។ រួចមុជទឹក មើលម៉ោងម្តងទៀត ៧កន្លះត្រឹម។ ទៅយកម៉ូតូទៅចាក់សាំងម៉ាពេញម៉ង ចេញវឹង។

  • មកដល់កំពង់ឆ្នាំង ម៉ោង ៨ និង​៤៥នាទី ។
  • មកដល់ពោធិសាត់ ម៉ោង ១០និង ០៥នាទ ។
  • មកដល់ បាត់ដំបង ម៉ោង ១១ និង ៥៥នាទី។
  • មកដល់ផ្ទះ ម៉ោង១២ និង ២៥នាទី។
  • សរុបសាំងអស់ ៥លីត្រ កន្លះ (ចាក់នៅភ្នំពេញ ៤លីត្រ,ចាក់នៅពោធិសាត់ ២លីត្រ, មកដល់បាត់ដំបង សល់កន្លះលីត្រទៀត)។
  • ល្បឿនជាអតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ល្បឿនជាអប្បរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ឈប់ ៣ដង(ព្រៃខ្មែរ កំពង់ឆ្នាំង១ដង, លលកសរ ពោធិសាត់១ដង និង កកោះ បាត់ដំបង១ដង)។

និយាយពីម៉ូតូខ្ញុំហ្នឹង កាលពីភ្ជុំ មិនទាន់បានដូរប្រេងម៉ាស៊ីនផង ហើយលាងក៏មិនទាន់បានលាងទៀត។ ដល់ចឹងអានិតវាដល់ហើយ ព្រោះពេលមកដល់ផ្ទះ ស្តាប់វាទៅ ដូចជាស្អកករហើយ។តែមិនអីទេ ស្អែកដូរប្រេង និង លាងវាអោយស្អាតហើយ។ ព្រោះថ្ងៃ ១៣ត្រូវទៅសៀមរាបទៀត។ ឥលូវអស់កំលាំងបន្តិចហើយ ចូលអ៊ីងៗសិន។ បាយបិទ។

ដំនើរកំសាន្តកោះទន្សាយ-កែប ខែតុលា 17, 2010

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត.
1 comment so far

ថ្ងៃទី ១៦

ក្រឺងៗៗៗ………….. សំលេងទូរស័ព្ទរោទិ៍ឡើង។ មិនមែនគេខលមកទេ គឺ សំលេងម៉ោងរោទិ៍តើ? ម៉ោង ៥ និង ៤៥នាទី អូយគិតថាដេកតិចទៀតសិនចាំងើប ព្រោះយប់មិញគេងម៉ោង១កន្លះផង។ ដេកម៉ាភ្លែតតិចចុងក្រោយហ្នឹងឆ្ងាញ់ម៉េស? តែមើលម៉ោង ព្រះអើយ ម៉ោង ៦ និង ១០នាទី!!!!!? ថ្ងៃនេះ ខ្ញុំត្រូវទៅកែបផង? ហើយគេណាត់គ្នាទៅម៉ោង ៦ និង ៣០នាទីទៀត។ មិនបានទេរួតរះសិន។ មុជទឹកហើយភ្លាម មិត្តភក្តិមកដល់ល្មម។ ទាញខោអាវញាត់ពេញកាបូប ហើយ ក៏រត់ឡើងម៉ូតូទៅភ្លាម។ ទៅដល់បេនឡាន លានហ៊ួរ ក៏គិតថា ឃ្លានបាយបន្តិច។ យកដៃដកកាបូបលុយ ប៉ាហោងធ្លង់? ភ្លេចយកកាបូបម៉ោ? ហាសហាស ហៅម៉ូតូឌុបជិះទៅផ្ទះវិញ។ ទៅម៉ោគេយក៣០០០រៀល។ អង្គុយចាំទំរាំតែគ្នាមកអស់ ម៉ោង ៧ព្រឹកល្មម។ ក៏ចាប់ផ្តើមឡើងឡាន ឆ្ពោះដំនើរទៅ ក្រុងកែប។

មកដល់ផ្លូវបំបែក កន្ទួត សៀមរាប ខេត្តកណ្តាល ស្រាប់តែប៉ូលីសឃាត់ឡានក្រុងមិនអោយទៅទេ។ មិចចឹង?? តៃកុងឡានចុះទៅសួរ ឡើងមកវិញគាត់ប្រាប់ថា ផ្លូវជាតិលេខ២ លិចទឹកហើយ ដូច្នេះត្រូវទៅតាមផ្លូវជាតិលេខ៣ វិញ។ ក៏ចេញពីផ្លូវបំបែកឆ្ពោះទៅផ្លូវជាតិលេខ ចំនុច ទំនប់៧មករា។ ចេញតាំងពី ជើងឯក ម៉ោរហូតដល់ អង្គតាសោម មើលតាមផ្លូវសុទ្ធតែទឹកសស្ញាច។

ទឹកលិចនៅជិតផ្លូវបំបែក កន្ទួត-សៀមរាប

ទឹកលិចនៅជិតផ្លូវបំបែក កន្ទួត-សៀមរាប

 

ម៉ោង១០កន្លះ ក៏បានឈានចូលដល់ ព្រំប្រទល់ខេត្តកែប និង ខេត្តកំពត ។ មើលទៅមេឃចាប់ផ្តើមខ្មៅ ប្រហែល ១០នាទីក៏ចាប់ផ្តើមភ្លៀងល្មម។ មើលមុខគ្នាខ្ញុំម្នាក់ៗ មុខស្អុយ ព្រោះយើងត្រូវទៅលេងកោះ ទន្សាយផង។ អាកាសធាតុមិនអំនោយផលសោះ។ទៅដល់កែបម៉ោង ១២ កន្លះ នាំគ្នាញ៉ាំបាយសិន មុននឹងចុះទូក។ រៀបហ្នឹងចេញដំនើរហើយហ្នឹង មេឃលេងមួយប្រាវទៀត។ រង់ចាំជិតកន្លះម៉ោង ទើបរាំង។ យើងមិនចង់ផ្លាស់ប្តូរកម្មវិធីទេ ព្រោះម្នាក់ៗមកនេះចង់ទៅលេងកោះ ។ ដូច្នេះទោះជាមេឃ អាប់អួរយ៉ាងណា ក៏មិនរាថយដែរ។ ហៅកង់បី ចំនួន៣គ្រឿងមកភ្លាម ក៏ជិះទៅ ផែរបស់គេ ដែលពួកគេនឹងនាំយើងទៅកោះទន្សាយ។

កន្លែងចុះទូក ទៅ កោះទន្សាយ

កន្លែងចុះទូក ទៅ កោះទន្សាយ

 

ពេលទៅដល់ម្នាក់មានទឹកមុខរីករាយណាស់ ក្រោយពេលចុះទូករួច។ ចេញបានប្រហែល ២នាទី មើលទៅមុខទាំងអស់គ្នា ពិតជាយ៉ាប់មែន ព្រោះមើលទៅមេឃងងឹត ខ្យល់បក់ខ្លាំង ធ្វើអោយរលក វាយបោកនឹងទួកសឹងតែថា ក្រឡាប់ដែរហ្នឹង ។ ខ្ញុំអង្គុយបណ្តើរមើលសមុទ្រ កោះ ត្រើយ បណ្តើរ និងបន់បណ្តើរ…………………។ប្រហែល២០នាទី យើងទៅដល់កោះដោយសុវត្ថិភាព ប៉ុន្តែ មិនមែនចំគោលដៅទេ គឺចុះនៅម្ខាងទៀតនៃ កោះ ព្រោះទូកមិនអាចទៅកោះម្ខាងទៀតបានទេ ដោយសារខ្យល់បក់ខ្លាំងពេក។ ដូច្នេះយើងត្រូវលីឥវ៉ាន់ ទៅទៀត ដោយរុករានព្រៃ កាន់ភ្នំ ទៅកោះម្ខាងទៀត។ ដើរប្រហែល ១០នាទៅយើងក៏បាន ទៅដល់ កន្លែងលេង​និង ចាប់ផ្តើមជួលផ្ទះសំនាក់នោះភ្លាម។ ១បន្ទប់ ៧ដុល្លា។

 

ផ្ទះសំនាក់នៅលើកោះទន្សាយ

ផ្ទះសំនាក់នៅលើកោះទន្សាយ

 

មិនបង្អង់យូរ ផ្លាស់សំលៀកបំពាក់ហើយ រត់ចូលសមុទ្រភ្លាម ព្រោះពេលទៅដល់កោះភ្លាម មេឃចាប់ផ្តើមបើកថ្ងៃវិញ ហើយរលកធំៗ ម៉ាល្មមលេងបាន។ ទាំងអស់គ្នាលេងរួចហើយ ក៏ឡើងមកឆ្នេរ ក្រេបឱជារស បេះដូងខ្មែរ ជាមួយនឹង បង្គារស្រុះទឹកត្រីកោះកុង។ អ្ហឹម!!! ពិតជាឆ្ងាញ់មែន។ មួយសន្ទុះមក មិត្តភក្តិខ្ញុំគេប្រាប់ថា ភ្លើងនៅទីនេះគេបើកបានត្រឹមម៉ោង ៩យប់ទេ។ ចុម!!? ក្រែងយើងនៅដល់ម៉ោង ២ បានដេកតាហ៏ ? នេះជាសំនួរខ្ញុំសួរទៅកាន់គេវិញ។ គេប្រាប់ថា បើចង់មានភ្លើងដល់ម៉ោង ២ ត្រូវអោយគេ១៥ដុល្លា ថ្លៃបញ្ឆេះម៉ាស៊ីន។ ព្រះអើយ! ១៥តុលា??

ព្រឹកឡើងម៉ោង ៩ យើងចាប់ផ្តើមចេញពីកោះ មកកែបវិញ។មកលើកនេះ ម្នាក់ៗលែងចង់ពាក់អាវទួកទៀតហើយ ព្រោះមេឃអំនោយផលល្អ ព្រោះ គ្មានរលកធំៗទេ។ ម៉ោង ១ទើបយើងចាប់ផ្តើមចេញពីកែប មកភ្នំពេញវិញ ។ ដូច្នេះយើងត្រូវអង្គុយលេង​សិន រង់ចាំឡានមក។ ម៉ោង ៦ និង ១០នាទី ខ្ញុំបានមកដល់ផ្ទះវិញដោយសុវត្ថិភាព។ ចប់តែប៉ុណ្ណឹង ដំនើរកំសាន្ត កោះទន្សាយ ពិតជាសប្បាយមែន តែឥឡូវឈឺខ្លួន ចុកដៃ ចុកជើង ពេញប្រាណតែម្រ៉ង! ។ចឹងដេកសិនហើយ អស់កំលាំងណាស់ ។ បាយបិទ។

សមាជិកទាំងអស់ដែលចូលរួមដំនើរកំសាន្តនេះ

សមាជិកទាំងអស់ដែលចូលរួមដំនើរកំសាន្តនេះ

ភ្នំអដ្ឋរស្ស ឬ ភ្នំព្រះរាជ្យទ្រព្យ ខែ​មេសា 26, 2010

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត.
add a comment

កាលពីថ្ងៃអាទិត្យនេះមានដំនើរកំសាន្តមួយ ដែលកើតឡើងឥតព្រាងទុក គឺដំនើរកំសាន្តទៅភ្នំអដ្ឋរស្ស ឬ ភ្នំព្រះរាជ្យទ្រព្យ ដែលធ្វើដំនើរដោយម៉ូតូហ្នឹងឯង។ សមាជិកចំនួន៧នាក់ ចេញដំនើរម៉ោង ១២គត់ ទៅដល់ប្រហែលជាម៉ោង ១ និង ៤៥នាទីថ្ងៃត្រង់ចែសតែម្តង។

ព្រះសក្សមុនីចេតិយ

ព្រះសក្សមុនីចេតិយ

ឡើងទៅដល់ភ្លាមហត់ណាស់ ព្រោះកាំជណ្តើរចំនួន ៥០៩កាំ មិនដែលធ្លាប់ឡើងតាមជណ្តើរទេ ធ្លាប់តែ ជិះម៉ូតូឡើង។

ខាងមុនព្រះសក្សមុនីចេតិយ ស្អាតទេ?

ខាងមុនព្រះសក្សមុនីចេតិយ ស្អាតទេ?

ចំហៀងខាងក្រោយ ព្រះសក្សមុនីចេតិយ

ចំហៀងខាងក្រោយ ព្រះសក្សមុនីចេតិយ

ចេតិយនេះភ្លេចថាជាចេតិយរបស់ស្តេចអង្គណាហើយ!!?ព្រោះមិនសូវចាំ

ចេតិយនេះភ្លេចថាជាចេតិយរបស់ស្តេចអង្គណាហើយ!!?ព្រោះមិនសូវចាំ

ព្រះអង្គធំ

ព្រះអង្គធំ

តាមការលេចលឺពាក្យចរចាមអារ៉ាមថា ព្រះអង្គធំត្រូវបានកសាងដើម្បីបិទរន្ធនាគ ដែលនឹងផុសចេញនៅភ្នំនេះ។ ដោយសារតែប្រទេសចិន យល់ថាប្រសិនបើនាគផុសឡើងនៅប្រទេសណា ប្រទេសនោះនឹងសំបូរសប្បាយរុងរឿងណាស់។ ហើយម្យ៉ាងទៀត រន្ធនោះហាក់បីដូចជារន្ធនៅប្រទេសចិនអញ្ចឹង។ ដូចនេះហើយបានជាពួកចិនមកសាងសង់ព្រះអង្គធំដើម្បី បិទរន្ធនេះ។ បើតាមក្មេងៗ និង ចាស់នៅទីនោះបានប្រាប់ខ្ញុំថា ពេលខ្លះមានភាពញ័ររញ្ចួយនៅម្តុំព្រះអង្គធំទៀតផង។

រន្ធដង្ហើមនាគ

រន្ធដង្ហើមនាគ

រន្ធត្រូវបានគេហៅថាជារន្ធដង្ហើមនាគដែលពេលយប់មានខ្យល់ចេញពីរន្ធនេះហើយត្រជាក់ទៀតផង។ គេតែងតែនាំគ្នាមកបួងសួងនិង ចាក់ទឹកត្រង់រន្ធនេះដើម្បីភាពត្រជាក់ត្រជុំ។

ជឿឬមិនជឿគឺអាស្រ័យលើខ្លួនយើងទេ៕

មួយពាន់ម្ភៃប្រាំមួយគីឡូម៉ែត្រ ខែ​មេសា 20, 2010

Posted by បាត់ដំបង in ដំ​នើរ​កំ​សាន្ត, អារម្មណ៏ខ្ញុំ.
12 comments

គ្រាន់តែកំឡុងពេលចូលឆ្នាំខ្មែរនេះ ញុមបានធ្វើដំនើរអស់សរុប ចំនួន 1026គីឡូម៉ែត្រ។ អីក៏ច្រើនម៉េស? សឹងតែមិនជឿដែរហ្នឹង ប៉ុន្តែធ្វើម៉េច បើកុងទ័រម៉ូតូញុមវាប្រាប់ចឹង។ ចឹងពិនិត្យមើលថាតើជិះទៅណាខ្លះបានជាបានច្រើនគីឡូម៉េស?

  1. ថ្ងៃទី 12 ចេញពីភ្នំពេញទៅ បាត់ដំបង ចាប់ពីម៉ោងប្រាំសាមសិបនាទី ព្រឹក ទៅដល់បាត់ដំបង ម៉ោងដប់ ដប់នាទីព្រឹក
  2. ដល់ផ្ទះបាន ប្រហែលជាមួយម៉ោង ក៏ចេញទៅ ភូមិប្រាសាទ ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យទៀតដើម្បី ជួយលក់ ឥវ៉ាន់បងគាត់នៅទីនោះ ព្រោះគាត់គ្មានអ្នកជួយលក់
  3. ថ្ងៃទី13ព្រឹកចេញពីភ្នំធំ ឆ្ពោះទៅក្រុងសិរីសោភ័ណ ដើម្បីទិញឥវ៉ាន់យកមកលក់ថែម
  4. ល្ងាចថ្ងែទី13 ក៏ចេញពីភ្នំធំ មកក្រុងបាត់ដំបងវិញ
  5. បានប្រហែលប្រាំពីរកន្លះ យប់មិត្តភក្តិខលហៅទៅក្រៅដើម្បីញ៉ាំអី នៅ ភោជនីយដ្ឋានភ្នំភ្លើងកូរ៉េ
  6. ថ្ងៃទី 14គ្មានទៅណាទេក្រៅពីបាំងផ្លិតជុំបងប្អូន និង ទៅលេងផ្ទះមិត្តភក្តិទេ
  7. ថ្ងៃទី15 នៅផ្ទះធ្វើសង្ឃទាន រហូតដល់ម៉ោងដប់ព្រឹក។ រួចហើយភ្លាមមិត្តភកិ្តខលហៅទៅលេងប៉ៃលិនជុំគ្នា
  8. ទៅដល់ប៉ៃលិនមិនដឹងថាទៅណាទៀតទេ ព្រោះធ្លាប់មកច្រើនដងហើយ។ ក៏សំរេចចិត្តទៅលេងរមណីយដ្ឋានចំការខ្នុរ ស្ថិតនៅសង្កាត់បរហ៊ុយ។
  9. ទៅដល់ភ្លាមម្ហូបអាហារមហាសែនថ្លៃលោកអើយ។ ម្ហូបធ្លាប់តែមួយចាន ១៨០០០រៀល ទៅជាមួយចាន ៣៦០០០រៀល។
  10. លេងទឹកនៅទីនោះប្រហែលជាម៉ោង ៤ល្ងាចទើបនាំគ្នាចេញមកបាត់ដំបងវិញ ។ ប៉ុន្តែចេញមកភ្លាម ភ្លៀងខ្លាំងណាស់ តែក៏មិនឈប់ជ្រកដែរ។ នៅតែខំចេញដំនើរមកព្រោះល្ងាចហើយ។
  11. មកតាមផ្លូវគេបាញ់ទឹក ផង គប់ទឹកផងចង់បាក់ឆ្អឹងហើយ។
  12. មកដល់ផ្ទះប្រហែលម៉ោង ៦ល្ងាច ស្រាប់តែនៅផ្ទះមានកម្មវិធីទៀត(សប្បាយចិត្តម៉ងព្រោះបានផឹក :D) ។
  13. ស្អែកឡើងបោកខោអាវហើយបាំងផ្លិតទៀត ដល់ល្ងាចជិះឆ្វែលក្រុងបន្តិច នឹងទៅមើលផ្លូវក្រវ៉ាត់ក្រុងថ្មីរបស់បាត់ដំបងផង។
  14. ថ្ងៃទី១៨ចេញដំនើរមកវិញតែឯងម៉ោង ជិតប្រាំបួន ។ មកដល់ក្រុងពោធិសាត់ភ្លៀងទៀត (វេទនាណាស់) នៅម៉ោងដប់ដប់សែបសិបនាទី។ មកដល់ក្រុងកំពង់ឆ្នាំង ម៉ោង ដប់មួយកន្លះត្រឹម អត់ហេវបាយទេ ស្រេកតែទឹក។ ឈប់ទិញទឹកនៅម្តុំអណ្តូងស្នាយ តែអត់ទាន់ផឹកទេ។ មកដល់ព្រៃខ្មែរទើបផឹក ហើយអង្គុយមើលភ្នំនាងកង្រីលេង។ សំរាកប្រហែលជា១០នាទី ក៏ចាប់ផ្តើមចេញដំនើរទៀត។
  15. មកដល់ស្ពានព្រែកក្តាមក៏សាកឡើងលេងព្រោះកាលមកថ្ងៃទី12នោះ មិនបានឡើងដោយ សារងងឹតពេកអត់ហ៊ាន(ខ្លាចខ្មោចលង)។ ដល់លើស្ពានថតបាន ២ ៣ប៉ុស្តិដែរ។
  16. មកដល់អំពេញវិញម៉ោង ពីរ ម្ភៃនាទី មកដល់ភ្លាមដេកភ្លឹង។

សរុបទៅអស់មួយពាន់ម្ភៃប្រាំមួយគីឡូម៉ែត្រត្រឹមតែម្តង។ គិតទៅសប្បាយម្យ៉ាងឆ្នាំនេះ។ អូហភ្លេចជូនពរអ្នកភូមិWordpress!!

សូមជូនពរអ្នកភូមិអោយជួបតែសេចក្តីសុខគ្រប់គ្នាផង។

ទៅខាងថ្នល់កែង

ចុះទៅខាងព្រែកក្តាមវិញ ខាងមុខគឺភ្នំឧដ្តុង្គ