jump to navigation

លាហើយ! កាពីតូល ខែ​មេសា 20, 2011

Posted by បាត់ដំបង in រិះគន់, អារម្មណ៏ខ្ញុំ.
22 comments

វាសឹងតែដូចប្រកាសមុនៗចឹង ដែលកាពីតូលធ្វើអោយខ្ញុំខឹងម្តងៗ។ ប៉ុន្តែលើកនេះប្រហែលជាទប់លែងបានហើយនឹងក្រុមហ៊ុនមួយនេះ។ ដោយសារតែក្រុមហ៊ុន កាពីតូល មានជើងចេញពីភ្នំពេញទៅបាត់ដំបង សឹងតែរាល់ម៉ោង ពីព្រឹកដល់ល្ងាចនេះហើយទើបខ្ញុំសំរេចចិត្តថាជិះវានោះ។ តែអ្វីៗដែលទទួលបាននោះ កាពីតូលមិនដែលអោយខ្ញុំសប្បាយចិត្តសោះ។ ថាសំបុត្រថ្លៃ ក៏ ថ្លៃចុះ (ព្រោះដឹងស្រាប់ហើយតែចូលឆ្នាំ គាត់ឡើងហើយ) តែលោកអើយអ្នកលក់សំបុត្រដូចមុនចឹង សួរមិនចង់ស្តី ។ បើសួរច្រើន លក់អោយអ្នកផ្សេងភ្លាម។ ទំរាំតែទិញបាន ត្រូវប្រជ្រៀតគ្នាសឹង១ម៉ោង ព្រោះតែអ្នកលក់មានតែ ម្នាក់។ ឈប់និយាយពីនេះសិនទៅចុះ ។ និយាយពីតៃកុងឡានវិញ! លោកអើយ ពេលខ្ញុំមកភ្នំពេញវិញ ខ្ញុំថាខ្ញុំបែបមិនបានជាន់ដីអំពេញវិញដឹង? ហេតុអី? ស្តាប់ខ្ញុំរៀបរាប់សិន។ ខ្ញុំបានទិញសំបុត្រឡាន ម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ១៨ ជើងទី ១ តំលៃ ៣៥០០០រៀល លើសមុន៥០០០រៀលទៀត។ គ្រានតែអង្គុយភ្លាម តៃកុងឡានមួយនោះ បើកចំរៀងលឺៗ ហើយខ្លាំងៗទៀត ខ្ញុំក៏ប្រាប់ទៅអ្នកហែកសំបុត្រថា ជួយប្រាប់តៃកុងឡានផង កុំបើកចំរៀងលឺពេក។ ស្រាប់តែគាត់ប្រាប់វិញថា តៃកុងថ្ងៃនេះ អត់សូវស្រួល គាត់អត់ស្តាប់ទេ។ អុញ?!?! មិចចឹង? ថាហើយរួចគាត់ក៏ទៅបាត់ទៅ។ ស៊ីផ្លេញាប់រន្ថើន ហាក់បីដូចជាទារព្រលឹងចឹង គឺឡានចេញដំនើរហើយ។ ម៉ែអើយជួយកូនផង គ្រាន់តែចេញមិនទាន់ផុតក្រុងផង លេងគាត់ជាន់ ល្បឿន ៧០គីឡូម៉ែត្រក្នុង១ម៉ោងបាត់ទៅហើយ? លុះបានចេញផុតពីក្រុងទៅ គាត់ជាន់ ល្បឿន ១០០ ទៅ ១២០គីឡូម៉ែត្រក្នុង ១ម៉ោង ដែល ១០០នោះ គឹសំរាប់ផ្លូវកោង ១២០ សំរាប់ផ្លូវត្រង់ (បើកGPS មើល ព្រោះខ្ញុំចូលចិត្តមើលGPS ពេលធ្វើដំនើរ)។ ពេលដល់ផ្លូវកោងម្តងៗ ម្នាក់ទប់ខ្លួនខ្លាចធ្លាក់ពីកៅអី ហើយមើលមុខគ្នាទៅវិញទៅមក។ រួចក៏ប្រាប់តៃកុងថាបើកតិចៗទៅ ពួកយើងមិនប្រញាប់ទេ។ គាត់មិនបាន ស្តាប់យើងទេ គឺ នៅតែជាន់ចឹង។ បានប្រហែល ១ម៉ោង ២០នាទីទៅ ឡានទៅដល់ពោធិសាត់បាត់!!!(ជាទូទៅ បាត់ដំបងទៅពោធិសាត់ចំណាយ ១ម៉ោង ៤០នាទី ទៅ ២ម៉ោង) ខ្ញុំជិះបណ្តើរភ័យបណ្តើរ ខា្លចគ្រោះថ្នាក់។ មិនយូរប៉ុន្មាន អ្នកជិះក្បែរខ្ញុំ ក៏ទាញទូរស័ព្ទខលទៅ ក្រុមហ៊ុនដើម្បីរិះគន់ពីបញ្ហានេះ។ ចុចដល់ទៅ ៥ ដង គ្មានអ្នកលើកសោះ។ គាត់ក៏ឈប់ចុចវិញ ហើយ គាត់ក៏ប្តូរឡានជិះនៅពោធិសាត់វិញ ។ គាត់ថាស្រួលមិនស្រួលបុកគ្នាមិនដឹង ព្រោះគាត់នៅមានការងារធ្វើច្រើនទៀត។ គាត់បានបបួលខ្ញុំដែរ តែខ្ញុំគិតថាប្រហែលមិនអីទេមើលទៅ។ ស្រាប់តែចេញពីពោធិសាត់ទៀត គាត់ជាន់ល្បឿនត្រឹមតែ ៩០ និង ១០០ទេ (ប្រហែលស៊ាំនឹងល្បឿនគាត់ដឹង?) តែអ្វីដែលគួរអោយខឹងនៅ គឺ គាត់ចាក់ចំរៀងលឺៗ ទៀត ដល់ថ្នាក់ម្នាក់ៗ ស្រែកប្រាប់តៃកុង ថាអោយបន្ថយសំលេង រីឯខ្លះទៀត សំឡុតតៃកុងតែម្តង ថាអោយឈប់ចាក់ចំរៀងទៅ ថ្លង់ណាស់ ព្រោះពួកគាត់ត្រូវការដេក។ មានស្តាប់ឯណាលោកគាត់នៅតែចាក់ចឹង។ ងាប់ហើយ រៀបរាប់ទៅ នៅតែក្តៅចឹង ។ លើកនេះឈប់ហើយ ឈប់ហើយ រាងហើយ កាពីតូល សុខចិត្តជិះឡានផ្សេងវិញ។ ព្រោះធ្វើអោយឆ្អែតចិត្តហើយ។ សូមក្រុមហ៊ុនកាពីតូលមេត្តាជ្រាបផង ឬ ក៏ដឹងហើយនៅធ្វើមិនដឹង(ពិបាកដាស់មនុស្សធ្វើដេកលក់ណាស់) ជាពិសេសតៃកុងឡានសូមចេះស្តាប់ភ្ញៀវផង  ៕

Advertisements

ឡើងថ្លៃ ដើម្បីអបអរឆ្នាំថ្មី!? ខែ​មេសា 12, 2011

Posted by បាត់ដំបង in ព័ត៌មាន, រិះគន់, អារម្មណ៏ខ្ញុំ.
2 comments

ថ្ងៃនេះហត់ណាស់ មិនចង់និយាយទេ ព្រោះតែចេញពីធ្វើការហត់ហើយ ត្រូវប្រជ្រៀតគ្នាទិញសំបុត្រទៀត។ ហើយនិយាយពីថ្លៃសំបុត្រនោះវិញ ឡើងថ្លៃសឹងគុណនឹងពីរទៅហើយ។ តែនេះសឹងតែក្លាយជាទំលាប់ខ្មែរទៅហើយ ដើម្បីអបអរឆ្នាំថ្មី គឺត្រូវឡើងថ្លៃ។ បើអ្នកទៅឈរស្តាប់នៅកន្លែងលក់សំបុត្រឡានក្រុងវិញ អ្នកនឹងលឺសូរសំលេងរអ៊ូរ របស់អ្នកទិញសំបុត្រសឹងរាល់គ្នា។ ការឡើងថ្លៃមធ្យមទេ ងុំអ្នកលក់សំបុត្រនោះ។ មនុស្សប្រជ្រៀតគ្នាសឹងដូចកោះពេជ្រ តែអ្នកលក់សំបុត្រម្នាក់ ហើយយឺតយ៉ាវទៀត។ ឆ្ងល់ថាក្រុមហ៊ុនអត់ចេះ មើលទេអ្ហី? អោយតែបុណ្យទានដឹងតែមនុស្សច្រើនហើយ ដាក់មនុស្ស ២ ទៅ ៣នាក់លក់សំបុត្រទៅអត់ទេ!! ហ៊ើយនិយាយហើយ ក្តៅឆេវម៉ង។ រដ្ឋអំពាវនាវកុំអោយឡើងថ្លៃយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនទាំងនោះនៅតែឡើងថ្លៃដដែល។ បានហើយចូលគេងហើយ យកកំលាំងទៅធ្វើការស្អែក មុននឹងទៅផ្ទះ។បាយបិទ………..គ្រឹប៕

ខកចិត្ត Best of the Best 2011 ខែ​មីនា 27, 2011

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ, ព័ត៌មាន, រិះគន់, សង្គម, អារម្មណ៏ខ្ញុំ.
12 comments

មិនថាឆ្នាំណាឬឆ្នាំណាទេ អោយតែការប្រគុំតន្រ្តីរបស់រស្មីហង្សមាស គឺខ្ញុំតែងតែទៅរហូត ទោះបីជារវល់យ៉ាងណាក៏ដោយ។ សំរាប់ឆ្នាំនេះ ទោះជាមាន រឿងខ្លះៗទាក់ទងនឹងហង្សមាស ដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តក៏ដោយ ក៏ខ្ញុំនៅតែទៅចូលរួមទស្សនាដដែល ព្រោះតែទិញសំបុត្ររូចហើយ។ ជារៀងរាល់ការប្រគុំតន្រ្តីរបស់រស្មីហង្សមាស ខ្ញុំតែងតែហ៊ោរកញ្ជៀវទៅតាមសំលេង បទភ្លេង នឹង ក្បាច់រាំពិសេសៗរបស់តារាទាំងនោះ ជាពិសេស គឺ តារាក្នុងដួងចិត្តខ្ញុំ គឺលោក ព្រាបសុវត្ថិ។ ប៉ុន្តែឆ្នាំនេះគឺខុសពីការរំពឹងទុករបស់ខ្ញុំដាច់ស្រលះ ។ និយាយអោយចំ គឺការប្រគុំតន្រ្តីឆ្នាំនេះ អន់តែម្តង ។ អន់ត្រង់ណា? គឺអន់ត្រង់៖

  • ការរៀបចំឆាកល្ហរល្ហេវ គ្មានអារម្មណ៏ទាក់ទាញ សូម្បីតែហ៊ោរក៏គ្មានអារម្មណ៏ផង
  • ភ្លើងហ្វារបាញ់ចំមុខខ្លាំងពេក ធ្វើអោយឈឺភ្នែក និង មិនអាចមើលតារាសំដែងបាន
  • សំលេងមេក្រូកុងពេញកន្លែង ហើយ ពេលខ្លះមេក្រូអត់ស្រូបសំលេងទៀត
  • អ្នកចំរៀងស្រែកលែងសូវបានដូចមុន ហើយអត់លឺ មិនដឹងថាច្រៀងអីខ្លះ លឺតែភ្លេង
  • អ្នកចំរៀងអត់ច្រៀងផ្ទាល់ ភាគច្រើនចាក់ ហើយធ្វើមាត់ម្ហបៗៗ ដូចត្រីកន្ទុយ៣
  • គ្មានការប្រគុំភ្លេងផ្ទាល់ទេ គឺដូចច្រៀងការ៉ាអូខេចឹង (លើកលែងតែបទ Calltune ច្រៀងដោយព្រាបសុវត្ថិ)
  • ឧបករណ៏បំពងសំលេងលឺមិនពិរោះដូចមុន រ៉ែៗៗ ស្តាប់មិនបាន

ប៉ុន្តែមានចំនុចមួយទៀតដែលខ្ញុំ និង អ្នកទស្សនាដទៃទៀត មិនអាចទទួលយកបានទាល់តែសោះនោះ គឺ មានការលើកយកបទ កំលោះសាឡាឡា និង បទ មកធ្វើអី ដែលនរណាៗក៏ស្គាល់ថាវាជាបទដែលយើង បានចំលងពីប្រទេសសៀម មកច្រៀង ការពីមុន(ឥលូវបំភ្លេចចោលទៅ) ស្រាប់តែ លោក ឆន សុវណ្ណរាជ និង កញ្ញា ពេជ្រ សោភា យកមកច្រៀងនិង រាំយ៉ាងគគ្លើននៅលើឆាក ។ ប្រហែលជាគាត់គិតថាពួកយើងពេញចិត្តហើយមើលទៅ? តែការពិត តាមដែលខ្ញុំស្តាប់អ្នកទស្សនាជាច្រើននៅជិតខ្ញុំ គេបាននិយាយថា ហេតុអី ក៏លើកបទនេះមកចឹង? ឬស្មានតែគេមិនដឹងថាបទនេះច្រៀងដោយតារាចំរៀងសៀមរូបណា? សូម្បីតែក្មេងក៏វាដឹងដែរ ទោះជាខំកាឡៃភ្លេងក៏ដោយ។ ប៉ុន្មានថ្ងៃនេះ ហង្សមាសបានរងមុខយ៉ាងអាម៉ាស់ ដោយសារគេរិះគន់ អំពីរឿងយក បទចំរៀង ស្យាមស្រុកញញឹម មកចំលង ហើយច្រៀង ស្រាប់តែ ខនសឺតនេះ មានរឿងចឹងទៀតទៅ ធ្វើអោយខ្ញុំ អស់ទឹកចិត្ត និងសោកស្តាយ ក្នុងការគាំទ្រ អស់រយះពេលជាច្រើនឆ្នាំមកនេះ។

ជាចុងក្រោយគ្មានអ្វី និយាយទៀតទេ ព្រោះ វាហាក់បីដូចជាដដែល ទៅហើយចំពោះ ការអោយយោបល់ទៅកាន់រស្មីហង្សមាស ដោយសារតែក្នុងភូមិយើងនេះ បានរិះគន់ និង អោយយោបល់យ៉ាងចាស់ដៃ ទៅលើផលិតនេះ។ សង្ឃឹមថា រស្មីហង្សមាសនឹង ពិចារណា សារជាថ្មី

សុំរិះគន់​ក្រុមហ៊ុន​ទេសចរណ៏​កាពីតូលមួយ ខែតុលា 6, 2010

Posted by បាត់ដំបង in ពីនេះពីនោះ, ព័ត៌មាន, រិះគន់, អារម្មណ៏ខ្ញុំ.
11 comments

ថ្ងៃនេះសុំរអ៊ូដាក់អ្នកភូមិ​យើង​បន្តិច​ហើយ ព្រោះទ្រាំមិននិយាយមិនបាន។ ក្រុមហ៊ុនកាពីតូល ដែលជាក្រុមហ៊ុនដឹកអ្នកដំនើរពីភ្នំពេញ ទៅបណ្តាខេត្តនានា និង ទៅក្រៅផងដែរនោះ អោយតែពេលមានបុណ្យទានម្តង មានភាពពិបាកណាស់ សំរាប់ភ្ញៀវ ដូចជា៖

  1. សំបុត្រឡើងថ្លៃ (ធម្មតាសំបុត្រពីភ្នំពេញទៅបាត់ដំបង តំលៃត្រឹមតែ ១៦០០០រៀលទេ តែសំរាប់ម្សិលមិញ គឺ ២៥០០០រៀល ថ្ងៃនេះ គឺឡើងដល់ ៣០០០០រៀល ហើយសំរាប់ថ្ងៃស្អែកគឺ ៣៥០០០រៀល)
  2. ការទិញសំបុត្រមានភាពយឺតយ៉ាវ​ ( អ្នកលក់ អ្នកសរសេរ អ្នកហែក និងអ្នករាប់លុយ តែម្នាក់  សំរាប់ខ្ញុំទិញសំបុត្រអោយម៉ាក់ខ្ញុំ គឺ ទិញសំរាប់ថ្ងៃស្អែក 07-10-2010 ម៉ោង ២ និង ១៥នាទី ​ចំនាយពេល អស់ ១ម៉ោងកន្លះទើបទិញបាន ឯអ្នកខ្លះទៀត រង់ចាំជិត ២ម៉ោង)
  3. អ្នកសរសេរលក់សំបុត្រ សរសេរដោយដៃ យឺត ពេលខ្លះខុស ហើយ ជាន់កៅអីគ្នាទៀត ដល់ចឹងវានាំអោយយឺតថែមទៀត។
  4. អ្នកលក់សួរមិនចង់ឆ្លើយ ដូចទៅសុំសំបុត្រគេជិះចឹង។
  5. កន្លែងលក់សំបុត្រថ្ងៃនេះ និង ថ្ងៃស្អែក គឺ នៅជាប់គ្នា ធ្វើអោយមនុស្សប្រជ្រៀតគ្នា បែកញើសខ្ចាយ។
  6. កន្លែងអង្គុយរង់ចាំ តូចចង្អៀត។
  7. ទិញសំបុត្រទៅ ម៉ោង ៩ មិនមែនចេញម៉ោង៩ទេ គឺជិត១០ឯណោះ (សំរាប់ទៅបាត់ដំបង ថ្ងៃស្អែក ម៉ោង ៩ គីមាន ១០ជើង) ដូច្នេះអ្នកជិះជើងទី ១០ ត្រូវរង់ចាំដល់ជិតមួយម៉ោង ព្រោះកន្លែងដាក់បានតែ ឡានម្តងពីរប៉ុណ្ណោះ នេះ មិនគិតឡានដែលទៅខេត្តផ្សេងៗផង) ។
  8. សំរាបម៉ោងចេញដំនើរវិញមិនអីទេ គឺល្អតែម្តង(ដូចជា ពីភ្នំពេញទៅបាត់ដំបង មានតាំងពីម៉ោង ៦ រហូតដល់ម៉ោង ៥កន្លះល្ងាច។ហើយ ក្នុងមួយម៉ោង អាចមាន១០ជើងឯណោះ)។
  9. ចង់ទិញសំបុត្រទាល់តែកក់មុនមួយថ្ងៃ តែក៏ពុំដឹងថាបានឬក៏អត់ទេ ព្រោះពេលខលទៅ កក់ប្រាប់គេអីស្រួលបួលហើយ ស្រាប់តែទៅដល់ គេថាអត់មានកក់ទេ ធ្វើអោយខកជើងចេញដំនើរអស់។
  10. ការបោះខ្ទង់លេខលុយលឺសំបុត្រដាក់ ៣០០០០រៀល ដល់តែពេលទៅដល់ ត្រូវចាំគេកែដាក់ ៣៥០០០រៀលទៀត។ មួយសំបុត្រកែមួយដង ចុះ ១០០០សំបុត្រកែម៉ាណដង? ហើយអ្នកកែអាសូរតែ កែលឿន ? យឺតមហាសែនយឺត។
  11. គ្មានប្រព័ន្ធគ្រប់គ្រងការលក់សំបុត្រនោះសោះ។ អ្នកខ្លះគ្រាន់តែមកសួរថា តើទៅបាត់ដំបង ម៉ោង ១ នៅសល់កៅអីទេ? ចំលើយគឺ ចាំមួយភ្លែត(កន្លះម៉ោង)។
  12. ពេលចុះចំនត ញ៉ាំបាយម្តងៗ ចុះតែកន្លែងអត់ឆ្ងាញ់ ហើយអ្នកលក់ឬធំទៀត។ កុម្មង់ម្ហូបមិនទៅយកខ្លួនឯងគឺ មិនបានញ៉ាំទេ។

នៅមានច្រើនទៀតដែល ត្រូវរិះគន់តែតូចៗពេកខ្ជិលនិយាយណាស់។ ប្រសិនបើនាយកក្រុមហ៊ុនកាពីតូលបានឃើញហើយ សូមរិះរកវិធីយ៉ាងណាអោយភ្ញៀវសប្បាយចិត្តផងពេលទិញសំបុត្រម្តងៗ