ចាប់ផ្តើមថ្ងៃនេះ ដៅផែនទីពិភពលោក ដើម្បីគុណភាពផែនទីកម្ពុជា ខែកក្កដា 4, 2012
Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ, ព័ត៌មាន, សង្គម.Tags: ចំណេះដឹង, បាត់ដំបង, ផែនទី, សង្គម
1 comment so far
– តើភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង របស់អ្នកបង្ហាញនៅលើ Google Map ហើយឬនៅ?
– តើអ្នកចង់អោយទីកន្លែងដែលអ្នកស្គាល់ច្បាស់ លេចឡើងនៅលើ Google Map ដែរឬទេ?
-តើអ្នកចង់អោយអក្សរខ្មែរ បង្ហាញនៅលើ Google Map ដែរឬទេ?
-តើអ្នកចង់កែប្រែទីតាំង ដែលបង្ហាញនៅលើ Google Map អោយមានលក្ខណៈ ត្រឹមត្រូវដែរឬទេ?
សូមកុំបង្អង់យូរ សូមរួសរាន់ចាប់ផ្តើមជាមួយយើង ក្នុងការដៅផែនទីប្រទេសកម្ពុជា អោយមានលក្ខណៈ ត្រឹមត្រូវ ដោយចាប់ផ្តើមពីអ្នកផ្ទាល់។ វាគ្មានអ្វីពិបាកនោះទេ ការចាប់ផ្តើមដំបូងនោះ គឺអ្នកគ្រាន់តែមាន គណនី GMail ជាការស្រេច។
ដើម្បីធ្វើការដៅផែនទីអោយបានច្បាស់លាស់ យកល្អ អ្នកត្រូវមានឯកសារអំពីផែនទី ទីតាំង កន្លែង ដែលអ្នកចង់ដៅ រឹតតែប្រសើរ។
—- ប្រសិនបើអ្នកទាំងអស់គ្នាមានចំងល់ទាក់ទង ក្នុងការដៅផែនទី សូមសួរខ្ញុំបាទ នៅត្រង់នេះ ឬ ទាក់ទងតាម Email: sopheak.sannya@gmail.com ខ្ញុំបាទរីករាយនឹងធ្វើការឆ្លើយសំនួរទាំងនោះដោយរីករាយ។
សូមចងចាំថា មានតែអ្នកនោះទេ ដែលដឹងទីកន្លែងរបស់អ្នកច្បាស់ជាងគេ។
សូមអរគុណនូវការរួមចំណែកវិភាគទានដៅផែនទីពិភពលោក! យើងរួមគ្នាដើម្បីគុណភាពផែនទីនៅកម្ពុជា!
ទីកន្លែងដែលគួរទៅនៅបាត់ដំបង ខែមេសា 9, 2011
Posted by បាត់ដំបង in ដំនើរកំសាន្ត, ព័ត៌មាន, សង្គម.add a comment
ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិខ្មែរយើង បានខិតមកជិតដល់ហើយ ម៉្លោះហើយបាត់ដំបង សូមណែនាំទីកន្លែងដែលត្រូវទៅកំសាន្ត នៅខេត្តបាត់ដំបង ដល់អ្នកដែលចង់រកកន្លែងកំសាន្តប្លែកៗជូនក្រែងលោហ៏បាន កុំមុយស្យុង 😀 ។ បើចឹងកុំនិយាយច្រើន តោះស្តាប់ខ្ញុំរៀបរាប់ជូន៖
1. ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីក្រុងបាត់ដំបង។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
2. ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីក្រុងបាត់ដំបង ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
3. ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីក្រុងបាត់ដំបង។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុង សតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិន។
4. ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីក្រុងបាត់ដំបង។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង ព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
5. អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុង ទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹក នេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីក្រុងបាត់ដំបង និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យ កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។
6. រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីក្រុងបាត់ដំបង ក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
7. រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
8. រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីក្រុងបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ កបរបរធ្វើស្រែ ។
9. រមណីយដ្ឋានបន្ទាយសត្វ
បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។
10. ផ្សារទំនើបបុរីថ្មី
ប្រសិនបើលោកអ្នកសល់ពេលខ្លះៗ សូមកុំភ្លេចទៅទស្សនា និង ទិញឥវ៉ាន់ នៅឯផ្សារទំនើបបុរីថ្មី ដែលទើបនឹងបើកថ្មីផងដែរ។ ផ្សារនេះ ស្ថិតចំងាយ២គីឡួម៉ែត្រពីទីរួមក្រុងបាត់ដំបង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហួសពីហ្នឹង អ្នកអាចដើរកំសាន្តតាមដងស្ទឹងសង្កែបាន និង លំហែកាយនៅ សួនឯកឧត្តមស ខេង បានទៀតផង។
លើសពីនេះនៅមានរមណីដ្ឋានប្រហែលជា ៤ ទៅ ៥កន្លែងទៀតដែលខ្ញុំពុំបានរៀបរាប់អស់។ ពេលមកដល់កុំភ្លេចហៅខ្ញុំទៅលេងដែរផងណា?????!!!!!!!
ខកចិត្ត Best of the Best 2011 ខែមីនា 27, 2011
Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ, ព័ត៌មាន, រិះគន់, សង្គម, អារម្មណ៏ខ្ញុំ.12 comments
មិនថាឆ្នាំណាឬឆ្នាំណាទេ អោយតែការប្រគុំតន្រ្តីរបស់រស្មីហង្សមាស គឺខ្ញុំតែងតែទៅរហូត ទោះបីជារវល់យ៉ាងណាក៏ដោយ។ សំរាប់ឆ្នាំនេះ ទោះជាមាន រឿងខ្លះៗទាក់ទងនឹងហង្សមាស ដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តក៏ដោយ ក៏ខ្ញុំនៅតែទៅចូលរួមទស្សនាដដែល ព្រោះតែទិញសំបុត្ររូចហើយ។ ជារៀងរាល់ការប្រគុំតន្រ្តីរបស់រស្មីហង្សមាស ខ្ញុំតែងតែហ៊ោរកញ្ជៀវទៅតាមសំលេង បទភ្លេង នឹង ក្បាច់រាំពិសេសៗរបស់តារាទាំងនោះ ជាពិសេស គឺ តារាក្នុងដួងចិត្តខ្ញុំ គឺលោក ព្រាបសុវត្ថិ។ ប៉ុន្តែឆ្នាំនេះគឺខុសពីការរំពឹងទុករបស់ខ្ញុំដាច់ស្រលះ ។ និយាយអោយចំ គឺការប្រគុំតន្រ្តីឆ្នាំនេះ អន់តែម្តង ។ អន់ត្រង់ណា? គឺអន់ត្រង់៖
- ការរៀបចំឆាកល្ហរល្ហេវ គ្មានអារម្មណ៏ទាក់ទាញ សូម្បីតែហ៊ោរក៏គ្មានអារម្មណ៏ផង
- ភ្លើងហ្វារបាញ់ចំមុខខ្លាំងពេក ធ្វើអោយឈឺភ្នែក និង មិនអាចមើលតារាសំដែងបាន
- សំលេងមេក្រូកុងពេញកន្លែង ហើយ ពេលខ្លះមេក្រូអត់ស្រូបសំលេងទៀត
- អ្នកចំរៀងស្រែកលែងសូវបានដូចមុន ហើយអត់លឺ មិនដឹងថាច្រៀងអីខ្លះ លឺតែភ្លេង
- អ្នកចំរៀងអត់ច្រៀងផ្ទាល់ ភាគច្រើនចាក់ ហើយធ្វើមាត់ម្ហបៗៗ ដូចត្រីកន្ទុយ៣
- គ្មានការប្រគុំភ្លេងផ្ទាល់ទេ គឺដូចច្រៀងការ៉ាអូខេចឹង (លើកលែងតែបទ Calltune ច្រៀងដោយព្រាបសុវត្ថិ)
- ឧបករណ៏បំពងសំលេងលឺមិនពិរោះដូចមុន រ៉ែៗៗ ស្តាប់មិនបាន
ប៉ុន្តែមានចំនុចមួយទៀតដែលខ្ញុំ និង អ្នកទស្សនាដទៃទៀត មិនអាចទទួលយកបានទាល់តែសោះនោះ គឺ មានការលើកយកបទ កំលោះសាឡាឡា និង បទ មកធ្វើអី ដែលនរណាៗក៏ស្គាល់ថាវាជាបទដែលយើង បានចំលងពីប្រទេសសៀម មកច្រៀង ការពីមុន(ឥលូវបំភ្លេចចោលទៅ) ស្រាប់តែ លោក ឆន សុវណ្ណរាជ និង កញ្ញា ពេជ្រ សោភា យកមកច្រៀងនិង រាំយ៉ាងគគ្លើននៅលើឆាក ។ ប្រហែលជាគាត់គិតថាពួកយើងពេញចិត្តហើយមើលទៅ? តែការពិត តាមដែលខ្ញុំស្តាប់អ្នកទស្សនាជាច្រើននៅជិតខ្ញុំ គេបាននិយាយថា ហេតុអី ក៏លើកបទនេះមកចឹង? ឬស្មានតែគេមិនដឹងថាបទនេះច្រៀងដោយតារាចំរៀងសៀមរូបណា? សូម្បីតែក្មេងក៏វាដឹងដែរ ទោះជាខំកាឡៃភ្លេងក៏ដោយ។ ប៉ុន្មានថ្ងៃនេះ ហង្សមាសបានរងមុខយ៉ាងអាម៉ាស់ ដោយសារគេរិះគន់ អំពីរឿងយក បទចំរៀង ស្យាមស្រុកញញឹម មកចំលង ហើយច្រៀង ស្រាប់តែ ខនសឺតនេះ មានរឿងចឹងទៀតទៅ ធ្វើអោយខ្ញុំ អស់ទឹកចិត្ត និងសោកស្តាយ ក្នុងការគាំទ្រ អស់រយះពេលជាច្រើនឆ្នាំមកនេះ។
ជាចុងក្រោយគ្មានអ្វី និយាយទៀតទេ ព្រោះ វាហាក់បីដូចជាដដែល ទៅហើយចំពោះ ការអោយយោបល់ទៅកាន់រស្មីហង្សមាស ដោយសារតែក្នុងភូមិយើងនេះ បានរិះគន់ និង អោយយោបល់យ៉ាងចាស់ដៃ ទៅលើផលិតនេះ។ សង្ឃឹមថា រស្មីហង្សមាសនឹង ពិចារណា សារជាថ្មី៕
១៤កុម្ភះនៅឯបាត់ដំបង ខែកុម្ភៈ 17, 2010
Posted by បាត់ដំបង in ដំនើរកំសាន្ត, ពីនេះពីនោះ, សង្គម, អារម្មណ៏ខ្ញុំ.29 comments
ពិតជាល្អមែនសំរាប់ឆ្នាំនេះ ព្រោះថាឆ្នាំនេះ បុណ្យចូលឆ្នាំចិន ជួនគ្នានឹងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ដែរ។ ពិតជាសប្បាយណាស់សំរាប់ខ្ញុំ ព្រោះរៀងរាល់ឆ្នាំ អោយតែថ្ងៃ១៤កុម្ភះ ខ្ញុំមិនដែលបានជួបជាមួយគេផ្ទាល់ទេ។ជួបតែតាមទូរស័ព្ទ និង ផ្ញើរកាដូអោយគ្នាតែប៉ុណ្ណោះ។ តែឆ្នាំនេះ មិនត្រឹមតែបានជួបជុំគ្រួសារទេ ថែមទាំងបានជួបមនុស្សជាទីស្រលាញ់ និងមិត្តភក្តិចាស់ទាំងអស់ទៀត។ យើងបានដើរលេងជុំគ្នាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានជូនផ្កាកុលាប៣ទងអោយគេដោយផ្ទាល់ដៃទៀតផង។ ពិតជាមានអារម្មណ៏សប្បាយចិត្តណាស់។ សំរាប់គ្រួសារខ្ញុំគឺខ្ញុំបានជូនពរ ម្តាយខ្ញុំ និង បងស្រីខ្ញុំក្នុងថ្ងៃ ១៤កុម្ភះទៀតផង។ អ្វីដែលជាការចាប់អារម្មណ៏ទៀតនោះគឺថា ក្រុងបាត់ដំបងឆ្នាំនេះពិតជាមានមនុស្សច្រើនមែន គឺច្រើនជាងឆ្នាំណាណាទាំងអស់។ សូម្បីតែថ្ងៃទី១៤កុម្ភះនោះ គឺតាមដងផ្លូវចង្អៀត ដោយម៉ូតូឡាន ហើយផ្លូវខ្លះទៀតនោះ ស្ទះរហូតដល់ជិត១ម៉ោងទៀតផង។ ចំនែកប្រជាជនមានទឹកមុខរីករាយគ្រប់ៗគ្នា នៅតាមសួនច្បារមានសំលេង ចំរៀងញាក់ កងរំពងដោយក្រុមហាត់ប្រាណ Aerobic មានក្រុមមនុស្សចាស់ គាត់រាំបទយឺតៗ រង្វើលៗ ចំនែកក្មេងៗស្ទាវៗ រាំបទកូរ៉េពេញនិយម ញាក់ញ័រតាម បទភ្លេងគួរអោយចង់ទស្សនា។ មើលទៅវាហាក់ដូចជាខុសប្លែកខ្លាំងណាស់ បើសំលឹងមើលក្រុងបាត់ដំបង កាលពី ៤-៥ឆ្នាំមុន។ ពិតជាមានការរីកចំរើនមែន សូម្បីតែខ្ញុំជាអ្នកស្រុកនោះ ឧស្សាហ៏ទៅហើយ មើលទៅហាក់ដូចជាមានការរីកចំរើនលឿនមែន។
ពេលមកវិញនៅតែមានអារម្មណ៏អាឡោះអាល័យណាស់ ជិះម៉ូតូមើលថ្ងៃរះនៅឯស្រុកមោងឬស្សី។ មកដល់ភ្នំពេញក្រុងវិញ ម៉ោង ១២ថ្ងៃត្រង់ មានអារម្មណ៏ថាធុញថប់ណាស់៕
ផ្ទុះថ្មស្អុយយប់មិញ ផ្អើលប្លុកDN ខែកញ្ញា 28, 2009
Posted by បាត់ដំបង in ព័ត៌មាន, សង្គម.29 comments
កាលពីយប់មិញម៉ោងប្រហែលជា ៨យប់មិញថ្ងៃទី ២៧ ខែកញ្ញា នេះ នៅម្តុំជិតស្តុបDN ទល់មុខផ្លូវផ្សារញ៉ែ មានសំលេងដូចជាផ្ទុះមីនតោនចឹង ។សូម្បីតែខ្ញុំអង្គុយចុចកុំព្យូទ័រ ក៏ចង់ប៉ើងដោយសារខ្យល់ខ្លាំងពេក។ ភ្លាមៗនោះធំក្លិនស្អុយថ្មស្អុយចេញមក។ ឃើញគេរត់ទៅមើលក៏រត់ទៅមើលដែរ ព្រោះយាយនៅជិតផ្ទះម្នាក់គាត់មកគោះទ្វារអោយ ទៅមើលតិចទៅថាតើមានរឿងអីស្រួលគាត់រៀបចំឥវ៉ាន់។ ខ្ញុំក៏ទៅមើល ការពិតទៅផ្ទុះថ្មស្អុយផ្ទះ ផ្សាម៉ូតូសោះ។ ប៉ុន្តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ។ គ្រាន់តែឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2A 6665 ដែលចតនៅខាងមុខផ្ទះ នោះ ត្រូវបែកកញ្ចក់ដោយសារតែ កំលាំងខ្យល់ខ្លាំងពេក ហើយកំទេចថ្មស្អុយនោះជះ ទៅប្រឡាក់ទ្វារផ្ទះអ្នកជិតខាងនៅទល់ មុខនោះអស់ ៣ល្វែង។ តាមប្រភពអ្នកជិតខាងបាននិយាយថា មកពីម្ចាស់ផ្ទះនោះទុកថ្មស្អុយនៅក្រៅ បន្ទាប់មក ស្រាប់តែមានភ្លៀង ខ្លាំងបន្តិច ក៏បណ្តាលអោយផ្ទុះតែម្តងទៅ។ ខ្ញុំក៏រត់មកផ្ទះវិញ មកប្រាប់យាយនៅជិតផ្ទះថា អត់អីទេយាយគ្រាន់តែផ្ទុះថ្មស្អុយទេ ។ស្រាប់តែគាត់តបវិញថា “ដឹងហើយ គ្រាន់តែធំក្លិនក៏ដឹងដែរមិនបាច់ប្រាប់ទេ” ។ យី!! កាលពីដំបូងគាត់អោយខ្ញុំរត់ទៅមើល ស្រាប់តែមកវិញគាត់ធ្វើហីចឹងទៅ ។ដឹងចឹងអត់ប្រាប់គាត់សោះ ហើយមិនទៅមើលទៀត។
វាខុសទាស់អីត្រង់ពាក្យMade in Cambodia? ខែសីហា 20, 2009
Posted by បាត់ដំបង in ពីនេះពីនោះ, ព័ត៌មាន, សង្គម.16 comments
តើវាខុសទាស់អីទៅត្រង់ស្លាកសញ្ញាថា Made in Cambodia ? មានក្រុមហ៊ុនវាយនភ័ណ្ឌមួយនៅ ជិតកំពង់ស្ពី បានប្រាប់អ្នកClearance នៅក្រុមហ៊ុនខ្ញុំថា មានក្រុមហ៊ុនមួយតៃវ៉ាន់ ចង់បានម៉ាស់ដែលផលិតនៅស្រុកខ្មែរ ប៉ុន្តែសុំគយ មិនអោយដាក់ ស្លាកថា Made in Cambodia បានអត់? ខ្ញុំលឺសូរហួសចិត្តម៉ង!!!! អ្នកClearance ក៏សួរវិញថាចុះបើដាក់ចឹងវាម៉េច? គេថាបើដាក់ចឹង វាលក់អត់ដាច់ទេនៅ តៃវ៉ាន់។ ខ្ញុំឆ្ងល់ដែរនឹងចឹង! ម៉េចផលិតផលស្រុកខ្មែរហ្នឹងវាអន់ណាស់ទៅ? ចុះខោអាវ នាំចេញទៅ អាមេរិច កាណាដា ទាំងកុងតៃន័រនោះ ម៉េចក៏លក់បានថ្លៃម៉េះ ហើយដាក់ផ្លាក Made in Cambodia ផង ចុះត្រង់អាម៉ាស់មូយប៉ុនបាតដៃហ្នឹងវាម៉េចវិញ។ ម៉ាសដែលខ្មែរ យើងដេរនោះវា ស្អាតដែរតើ! ថែមទាំងមានកន្លែងដាក់ថ្នាំហឺតក្នុងនោះទៀតផង។